ទូទៅ

ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ

  • មជ្ឈមណ្ឌលបណ្តុះបណ្តាល ឫទ្ធិពល ដែលជាស្ថាប័នដៃគូរបស់មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) លើកម្មវិធីថ្នាក់ជាតិស្តីពី «ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ចូលរួមពិធីដាក់សម្ពោធឱ្យប្រើប្រាស់«កម្មវិធីថ្នាក់ជាតិ»នេះ ជាផ្លូវការ នាថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៦។ ពិធីសម្ពោធនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិប្រមាណ ៣០០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។
  • ក្នុងឱកាសនោះ វត្តមានរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន់ ផល្លា ប្រធានក្រុមប្រឹក្សាភិបាលបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានមានប្រសាសន៍ដ៏ខ្ពង់ខ្ពស់ថា កម្មវិធីប័ណ្ណជំនាញ មានគោលបំណងសំខាន់ក្នុងការផ្តល់ឱកាសដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនដែលត្រឡប់ពីក្រៅប្រទេស អាចចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់សំខាន់ៗ ដែលស្របតាមតម្រូវការទីផ្សារការងារ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនការប្រកួតប្រជែងក្នុងវិស័យការងារ និងអាជីវកម្ម។ ឯកឧត្តមបានបន្ថែមថា ប័ណ្ណជំនាញមួយមានតម្លៃ ៦០០,០០០ រៀល ឬស្មើនឹង ១៥០ ដុល្លារអាមេរិក នឹងផ្តល់ជូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះក្នុងប្រព័ន្ធថ្នាលឌីជីថល Cam-IE ដើម្បីប្រើប្រាស់សម្រាប់ការចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលដែលត្រូវបានវាយតម្លៃ និងជ្រើសរើសរួចជាស្រេចពីមូលនិធិអភិវឌ្ឍន៍ជំនាញ នឹងធានាបាននូវភាពពាក់ព័ន្ធ គុណភាព និងតម្លៃនៃលុយ។
  • ក្នុងនាមជា មជ្ឈមណ្ឌលបណ្តុះបណ្តាល ឫទ្ធិពល អនុវត្តន៍លើគម្រោងកម្មវិធីថ្នាក់ជាតិស្តីពី«ប័ណ្ណជំនាញ សម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» បងប្អូនដែលប្រកបមុខរបរលក់ដូរ ម្ចាស់អាជីវកម្ម បុគ្គលិកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបុគ្គលស្វ័យនិយោជន៍ មានឱកាសទទួលបានបានកម្មវិធីវគ្គបណ្តុះបណ្តាល ចំនួន ៥ វគ្គ៖
    • ទី១ អក្ខរកម្មឌីជីថល និងទីផ្សាឌីជីថល សម្រាប់អាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
    • ទី២ ជំនាញហិរញ្ញវត្ថុ – ការគ្រប់គ្រងលុយកាក់ សម្រាប់អាជីវកម្មក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ
    • ទី៣ ការអភិវឌ្ឍ និងការធ្វើផែនការអាជីវកម្ម ធ្វើឱ្យអាជីវកម្មក្នុងក្តីស្រមៃអ្នកក្លាយជាការពិត
    • ទី៤ សហគ្រិនភាព – ចាប់ផ្តើមអាជីវកម្មមួយដោយប្រើធនធានអ្នក ផ្តល់ចំណេះដឹងអំពី ការចាប់ផ្តើម និងអភិវឌ្ឍន៍អាជីវកម្មពីធនធានមានស្រាប់
    • ទី៥ ជំនាញទន់ – រស់នៅ និងបម្រើការងារដោយសុខដុម និងវិបុលភាព អភិវឌ្ឍន៍ជំនាញទំនាក់ទំនង ការធ្វើការជាក្រុម និងជីវិតការងារ៕